ដំណាំធម្មជាតិក្បែរផ្ទះជួយសុខភាពល្អ



ដំណាំធម្មជាតិក្បែរផ្ទះជួយសុខភាពល្អ និងរកចំណូលប្រចាំថ្ងៃ ដំណាំ​របស់​ប្រជាពលរដ្ឋ​ដាំ​ក្នុង​ផើង​នៅ​ក្បែរ​ៗ​ផ្ទះ​របស់គាត់។ 

បន្លែ​ផ្សេងៗ​ដែល​លក់​នៅ​តាម​ទីផ្សារ​សព្វថ្ងៃ ភាគច្រើន​សុទ្ធ​តែ​ជា​បន្លែ​ដាំ​ដោយ​ប្រើ​ប្រាស់​សារធាតុ​គីមីពុល​ ពោល​គឺ​ពន្លឿន​ការ​លូត​លាស់​របស់​ដំណាំ​ ឬ​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​រីក​មាឌ​ជាដើម។ ទាំងនេះ​បាន​ក្លាយ​ជា​​កង្វល់​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ជា​អ្នក​បរិភោគ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ត្រូវ​ការ​បន្លែ​ប្រមាណ​ជា ៤០០​តោន​ក្នុង​មួយ​ថ្ងៃ សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ទីផ្សារ។

ដោយ​សារ​តែ​តម្រូវ​ការ​បន្លែ​ទាំង​នេះ​ហើយ ទើប​តម្រូវ​ឲ្យ​កម្ពុជា​នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​។ មិន​ថា​តែ​បន្លែ​នាំ​ចូល ឬ​បន្លែ​ផលិត​ផ្ទាល់​នៅ​ក្នុង​ស្រុក​នោះ​ទេ ៥០%​ជា​បន្លែ​ដែល​មាន​សារធាតុ​គីមី​ពុល ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​អ្នក​បរិភោគ ខ្លាច​រអារ​ទទួល​ទាន ដោយ​បារម្ភ​ពី​សុខភាព។

ជាមួយ​នឹង​កង្វល់​ជា​ច្រើន​ទាំងនេះ​ ប្រជា​ពលរដ្ឋ​បាន​ងាក​ទៅ​រក​ការដាំ​បន្លែ​ដោយ​ខ្លួន​ឯង​នៅ​ក្បែរ​ផ្ទះ សម្រាប់​បរិភោគ​ផ្ទាល់​ខ្លួន និង​លក់​ដើម្បី​បង្កើន​ចំណូល​សម្រាប់​ក្រុម​គ្រួសារ។

អ្នកស្រី សុខ អេងលី រស់​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ  ​បាន​និយាយ​ថា៖ «ចង់​ដាំ​បន្លែ​ខ្លួន​ឯង ព្រោះ​បើ​ទិញ​របស់​គេៗ​និយាយ​ថា​ ដាក់​គីមី​ដើម្បី​ទុក​បាន​យូរ។ ពេល​ហូប​ទៅ​មិន​ឆ្ងាញ់​ទេ ដូច​ជា​ត្រសក់​អី​តូច​ៗ​ទេ តែ​ពេល​មក​ដល់​ភ្នំពេញ​ធំៗ។ នេះ​តែង​ឮ​គេ​និយាយ​ ដល់​ពេល​អីចឹង​មិន​ចង់​ហូប​ ចង់​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង ដើម្បី​មានសុខ​ភាព​ល្អ​ទាំង​ខ្ញុំ និង​អ្នក​ហូប។ ហូប​ខ្លួន​ឯង​ខ្លះ និង​បាន​លក់​ខ្លះ»។

នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​អ្នក​ស្រី សុខ អេងលី ក្នុង​ការ​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង​ទេ កន្លង​មក​អ្នកស្រី​ក៏​បាន​ដាំ​បន្លែ​នៅ​លើ​ផ្ទៃ​ដី ទំហំ​១០​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ ដោយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្ទះ។ ប៉ុន្តែ​កង្វះ​ការ​ថែ​ទាំ និង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​ទិន្នផល​មិន​បាន​សម​ប្រកប តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកស្រី​បាន​តស៊ូ​ជាមួយ​ការលំបាក​មួយ​ចំនួន​ដើម្បី​ពុះ​ពារ​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង​ និង​បាន​សិក្សា​ឈ្វេងយល់​បន្ថែម​ពី​​អ្នកជំនាញផ្នែកកសិកម្មផងនោះ អ្នកស្រី​បាន​​ផ្លាស់ប្តូរមក​ដាំ​បន្លែ​បន្តិច​បន្តួច​នៅ​ក្បែរ​ផ្ទះ។

អ្នកស្រី​ សុខ អេងលី៖ «ខ្ញុំ​បាន​ទៅ​កម្សាន្ត​នៅ​កន្លែង​កម្សាន្ត​មួយ ទៅ​មើល​កសិដ្ឋាន​គេ​នោះ ទោះ​បី​ជា​ដី​ពិបាក​ដាំ​បន្លែ​យ៉ាង​ណា​ក៏​គេ​ដាំ​បន្លែ​បាន​ល្អ​ដែរ»។

មិន​ខុស​ពី​ការងារ​ផ្សេងៗ​នោះ​ទេ នៅ​ពេល​ចាប់​ផ្តើម​ដំបូង អ្នកស្រី​បាន​ជួប​ប្រទះ​នឹង​បញ្ហ​លំបាក​មួយ​ចំនួន ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បាន​បោះ​ជំហាន​ទៅ​មុខ​ដោយ​ការតស៊ូ​ព្យាយាម​រហូត​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត។ បញ្ហា​លំបាក​ដែល​អ្នកស្រី សុខ អេងលី បាន​ជួប​ប្រទះ​នោះ​គឺ​ កត្តា​​សត្វ​ល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ខាងលើ​ សឹង​តែបោះ​បង់​ចោល​ការដាំ​បន្លែ​ទាំង​នោះ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជា​ពលរដ្ឋ​មួយ​រូប​ទៀត ដែរ​ស្ថិត​នៅ​សង្កាត់​ក្បាល​កោះ ដែល​ផ្លាស់​ប្តូរ​ពី​ទម្លាប់​ទិញ​បន្លែ​ពីផ្សារ ​មក​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង ក៏​បាន​ជួប​បញ្ហា​លំបាក​ៗ​ដូច​គ្នា​ផងដែរ។ ការប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ អ្នកស្រី លី មេសា បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន។

អ្នកស្រី លី​ មេសាឲ្យ​ដឹងថា៖ «ទោះ​បី​ជា​យើង​រស់​នៅ​ជាប់​ទន្លេ​ក៏​ដោយ ក៏​មិន​បា្រកដ​ថា​ដី​ល្អ​អាច​ដាំ​បន្លែ​បាន​នោះ​ដែរ បើ​យើង​ខ្វះ​ការតស៊ូ ដី​ឥដ្ឋ​ដំ​មិន​បែក​ផង​នោះ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ដាំ​មិន​កើត​ទេ​មើល​ទៅ​ ​តែ​ដោយ​សារ​ខ្ញុំ​ចេះ​តែ​ដាក់​ជី​ធម្មជាតិ​ទៅ ក៏​ទទួល​បាន​ផល​ល្អ»។

ទោះ​បី​ជា​មាន​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​របស់ អ្នកស្រី លី​ មេសា ក៏​ដោយ គាត់​អាច​បង្កើត​ថ្នាំ​សម្លាប់​សត្វ​ល្អិត តាម​បែប​ធម្មជាតិ ដោយ​មិន​ចំណាយ​លុយ​ទៅ​ទិញ​គេ​ទេ។ ថ្នាំ​ទាំង​នោះ​ផ្សំ​ចេញ​ពី មើម​រមៀត សឹ្លកគ្រៃ ជាដើម។

បន្ទាប់​ពី​ការដាំ​រយៈ​ពេល​១​ខែ​ពេញ ក្រៅពី​ទទួល​បាន​បន្លែ​បរិភោគ​ខ្លួន​ឯង ដំណាំ​បន្តិច​បន្តួច​ក្បែរ​ផ្ទះ​នេះ​អាច​រក​ចំណូល​ប្រចាំ​គ្រួសារ​បាន​ផង​ដែរ ដែល​ផ្តល់​ផល​ឲ្យ​ពួកគាត់​ប្រមាណ​ជា ២០០០០០ រៀល​ក្នុង​មួយ​ថ្ងៃ។ បទពិសោធ​របស់​ពួក​គាត់​ទាំង​ពីរ​នាក់​ ធ្វើ​ឲ្យ​គាត់​សង្ឃឹម​ថា​វា​ជា​គំរូ និង​ជា​ការលើក​ទឹក​ចិត្ត​ដល់​កសិករ​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិ​ ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស ឲ្យ​ប្រើ​ប្រាស់​ដី​ទំនេរ​ក្បែរ​ផ្ទះ ដើម្បី​ដាំ​ដំ​ណាំ។

អ្នកស្រី លី មេសា ​៖ «យើង​មាន​ដី​ទំនេរ​ចឹង ខ្ញុំ​ចង់​ឲ្យ​នាំគ្នា​ដាំ​បន្លែ​គ្រប់​ប្រភេទ ដែល​ទី​តាំង​ណា​ក៏​អាច​ដាំ​បាន​ មិន​ឲ្យ​ចន្លោះ​ដី​ចោល​នោះ​ទេ យើង​អាច​ដាំ​បាន​ទាំងអស់ ដូច​ជា​ត្រឡាច ននោង គ្រប់​សព្វ​បែប​យ៉ាង»។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ផលិត​ផល​កសិកម្ម​បាន​ចូល​រួម​ចំណែក ៣៥% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប និង​៥៦%​នៃ​ការផ្តល់​ការងារ​ក្នុង​ទីផ្សារ​ការងារ​សរុប។ ផលិត​ផល​ចម្បង​ក្នុង​វិស័យ​នេះ​រួមមាន ស្រូវ​អង្ករ កៅស៊ូ ពោត បន្លែ គ្រាប់​ស្វាយ​ចន្ទី និង​ដំឡូង​មី។ ការនាំ​ចេញ​ផលិត​ផល​កសិកម្ម​មិន​ទាន់​កែ​ច្នៃ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​៩០%​នៃ​ការនាំ​ចេញ​ផលិត​ផល​កសិកម្ម​សរុប។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ​ កម្ពុជា​នឹង​ជំរុញ​ល្បឿន​នៃ​ការ​ដាំដុះ​បន្លែ​ផ្លែឈើ​ឲ្យ​បាន ៦​ម៉ឺន​តោន ក្នុង​១​ឆ្នាំ ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវ​ការ​ក្នុង​ស្រុក ក៏​ដូចជា​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស។

លោក​​​រដ្ឋមន្ត្រី វេង សាខុន បាន​បញ្ជាក់​ទៀត​ថា ដើម្បី​សម្រេច​គម្រោង​នេះ រដ្ឋាភិបាល​នឹង​ផ្ដល់​ជា​កញ្ចប់​ថវិកា​ចំនួន ៣០​លាន​ដុល្លារ សម្រាប់​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត​អនុវត្ត។ លោក​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ជួយ​ផ្នែក​បច្ចេកទេស និង​ប្រព័ន្ធ​ធារាសាស្ត្រ​ដល់​ប្រជា​កសិករ ដែល​មាន​ដី​ចម្ការ​ធ្វើ​ដោយ​គ្មាន​ជាតិ​គីមី តាម​រយៈ​កិច្ច​សន្យា​ប្រមូល​ទិញ និង​ការ​ចរចា​តម្លៃ​គ្នា។ ដោយ​ផ្អែក​លើ​គម្រោង​នេះ កម្ពុជា​​សង្ឃឹម​ថា​នឹង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ក្រៅ​ប្រទេស​ចាប់​ពី​ឆ្នាំ​២០១៩​ខាង​មុខ​​នេះ​ត​ទៅ។

បច្ចុប្បន្ន កម្ពុជា​បាន​នាំ​ចូល​បន្លែ​ចម្រុះ​ពី​ក្រៅ​ប្រទេស​ចំនួន ២០០​តោន ទៅ​ជាង ៤០០​តោន ក្នុង​១ថ្ងៃៗ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ បន្លែ​ទាំង​នោះ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្នុង​តម្លៃ​ជាង ២០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ៕

អត្ថបទដោយ ​៖ ផល សុផានិត

ប្រភពដើម ‌៖ https://khmer.rvasia.org

សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ

ប្រអប់សារប្រិយមិត្ត

0 Comments
* រាល់មតិទាំងអស់នឹងត្រូបានបង្ហាញនៅពេលដែលមានការយល់ព្រមពីអែដមីន ។
សួស្ដីបាទ ខ្ញុំបាទចិត្តដែក ហើយនេះគឺជាគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំ មើលបន្ថែម
Accept !