បង្កើនសុភមង្គលគ្រួសារ


នៅពេលមានដំណើរកម្សាន្តជាមួយគ្នា គន្លឹះមួយក្នុងការធ្វើឱ្យជីវិតគូនិងគ្រួសារមានសុភមង្គល គឺការរស់នៅឲ្យមានអត្ថន័យបំផុតតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ក្នុងនោះ ដំណើរកម្សាន្តជាសកម្មភាពមួយដែលមិនអាចខ្វះបាននោះទេ សម្រាប់គ្រួសារទូទៅ។ ហេតុនេះ ទាន់នៅមានពេល គួរដើរលេងនិងសាងពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។ ខាងក្រោមនេះជាហេតុផលទាំង ៧ ដែលគួរមានដំណើរកម្សាន្តជាមួយគ្រួសារ ៖

១.​ បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា
ការធ្វើដំណើរកម្សាន្តជាមួយសមាជិកគ្រួសារ តែងតែបង្កើតឱ្យមានអនុស្សាវរីយ៍ទៅថ្ងៃក្រោយ ទោះបីពេលខ្លះជាអនុស្សាមិនសូវល្អ ប៉ុន្តែវានឹងធ្វើឲ្យចងចាំគ្នា។ មិនចាំបាច់ទាល់តែធ្វើដំណើរទៅបរទេស ទើបហៅថា ជាដំណើរកម្សាន្តនោះទេ ត្រឹមតែដើរលេងក្នុងស្រុកក៏គ្រប់គ្រាន់បាត់ទៅហើយ។

២. រឹតចំណងគ្រួសារកាន់តែល្អ
ដំណើរកម្សាន្តជាមួយក្រុមគ្រួសារ អាចបង្កើនភាពស្និតស្នាល និងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចំណងចិត្តរឹងមាំរវាងគ្នានិងគ្នា។

៣. បង្កើតភាពសប្បាយរីករាយ
ការដើរលេងពិតជាអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ និងអាចកាត់បន្ថយភាពតានតឹងបានច្រើនបំផុត។ មិនត្រឹមតែប៉ុណ្ណោះ តាមការសិក្សាប្រាប់ថា ប្រសិនបើមនុស្សអាចសប្បាយចិត្តពេលខ្លួននៅវ័យក្មេង ពួកគេនឹងនៅតែសប្បាយរីករាយនៅ ២០ ឆ្នាំក្រោយជាមួយការចងចាំពីដំណើរកាលពីពេលនៅក្មេង ហើយការចងចាំនោះនឹងដិតដាមជាបទពិសោធន៍ពេញមួយជីវិតរបស់ពួកគេ។

៤.​ យល់ដឹងបន្ថែមពីការរស់នៅបែបថ្មីៗ
កាលណាមានដំណើរកម្សាន្តជាមួយគ្រួសារ នោះឱកាសបានឃើញនិងស្គាល់នូវវប្បធម៌ថ្មីៗ ការគិតបែបថ្មី ផ្នត់គំនិតថ្មី ការរស់នៅសម័យថ្មី ដែលវាពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់សមាជិកម្នាក់ៗ។ ពិសេសគ្រប់គ្នាអាចមើលឃើញតម្រូវការផ្សេងទៀតនៅជុំវិញពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ។

៥. បង្កើតការទទួលខុសត្រូវចំពោះសមាជិក
ការនាំគ្នាដើលេងនៅខាងក្រៅជួយធ្វើឱ្យសមាជិកគ្រួសារ ជាពិសេសកូនៗអាចចាកចេញពីទម្លាប់ធម្មតាដដែលៗ និងផ្តល់នូវឱកាសថ្មីៗដើម្បីទម្លាប់និងបណ្តុះភាពទទួលខុសរបស់កូនៗពេលគេធំឡើងរួមមាន រៀបវ៉ាលី យកឥវ៉ាន់ទុកដាក់ និងត្រៀមអាហារជាដើម។

៦. បង្វែរអារម្មណ៍ពីការញៀនបច្ចេកវិទ្យា
មិនថាមនុស្សចាស់ ឬក្មេងៗទេ​ គ្រប់គ្នានឹងមិនសូវញៀនបច្ចេកវិទ្យា បើបាននៅជុំវិញអ្វីដែលថ្មីៗ ដែលអាចនាំពួកគេចចេញពីអេក្រង់។ ជាពិសេសគ្រប់គ្នានឹងចេះស្រឡាញ់បរិស្ថាន និងធម្មជាតិដែលនៅជុំវិញខ្លួន។

៧. ទទួលបានបទពិសោធន៍ថ្មីៗ
ការធ្វើដំណើរកម្សាន្តជិតឬឆ្ងាយក្ដី សុទ្ធតែអាចធ្វើឱ្យគ្រួសារទទួលបានបទពិសោធថ្មីៗ ជាមួយនឹងរសជាតិនៃអាហារថ្មីៗ ទេសភាពថ្មី កន្លែងថ្មី ក្លិនថ្មី ហើយពេលខ្លះសូម្បីភាសាក៏ថ្មីដែរ ។ ទាំងនេះជាការតភ្ជាប់ទំនាក់ទំនងថ្មីៗនៅក្នុងខួរក្បាលរបស់មនុស្ស និងផ្តល់នូវបទពិសោធន៍ថ្មីៗកាន់តែច្រើនដល់កូនៗថែមទៀតផង៕

ប្រែសម្រួល ៖ សន្យា
ប្រភព ៖ https://www.kampucheathmey.com/kpt-plus/56078
ផ្សាយឡើងវិញដោយ ៖ រៀនដើម្បីធ្វើស្រែ
ប្រភេទទិន្នន័យ

ប្រអប់សារប្រិយមិត្ត

0 Comments
* រាល់មតិទាំងអស់នឹងត្រូបានបង្ហាញនៅពេលដែលមានការយល់ព្រមពីអែដមីន ។
សួស្ដីបាទ ខ្ញុំបាទចិត្តដែក ហើយនេះគឺជាគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំ មើលបន្ថែម
Accept !